ទម្លាប់ល្អៗនៅពេលព្រឹក ដែលជួយឲ្យស្បែកភ្លឺចែងចាំង
តើអ្នកធ្វើអ្វីដំបូងគេបង្អស់នៅពេលព្រឹក? តើអ្នកចូលចិត្តឆែកមើលទូរស័ព្ទមែនហើយ? មានមនុស្សច្រើនណាស់ដែលតែងតែធ្វើបែបនេះរាល់ព្រឹក ទាំងដែលវាជាទម្លាប់មិនល្អ សម្រាប់ស្បែករបស់អ្នកនោះទេ។ វាមិនត្រឹមតែបង្កផលប៉ះពាល់ដល់ភ្នែកនិងសាច់ដុំលើផ្ទៃមុខរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យស្បែកមុខឆាប់លេចចេញស្នាមជ្រីវជ្រួញផងដែរ។
ប្រសិនបើអ្នកចង់ឲ្យស្បែកស្អាតភ្លឺចែងចាំងមានសុខភាពល្អ កុំភ្លេចអនុវត្តទម្លាប់ល្អៗទាំងនេះនៅពេលព្រឹក។
ផឹកទឹកមួយកែវ

នេះជាវិធីមួយដែលអ្នកស្រលាញ់គិតគូរពីស្បែកមិនដែលមើលរំលង។ ផឹកទឹកមួយកែវនៅពេលមិនទាន់ញ៉ាំអាហារពេលព្រឹក ពិតជាល្អបំផុតសម្រាប់ស្បែករបស់អ្នក។ ទឹកអាចជួយបណ្តាញជាតិពុល និងផ្តល់សំណើមភ្លឺចែងចាំងដល់ស្បែក។ មិនថាតែពេលព្រឹកឡើយ តែយ៉ាងហោចណាស់ក្នុងមួយថ្ងៃ ត្រូវព្យាយាមផឹកទឹកឲ្យបានយ៉ាងហោចណាស់ពី ២-៣លីត្រ នោះស្បែកនឹងទន់រលោងស្អាតបែបធម្មជាតិ។
ធ្វើលំហាត់ប្រាណ

ការហាត់ប្រាណផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្បែករបស់អ្នក។ គួរឆ្លៀតហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ឬ៣-៤ដងក្នុងមួយសប្តាហ៍។
អនុវត្តវិធីថែរក្សាស្បែក ៣ ជំហានជាប្រចាំ
ទោះបីជាអ្នកមិនចូលចិត្តការថែរក្សាស្បែក ដែលមានច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែដាច់ខាតកុំភ្លេចអនុវត្តជំហាន ៣យ៉ាងជារៀងរាល់ព្រឹក។ ក្នុងនោះមានដូចជា ការលាងសម្អាតស្បែកមុខឲ្យបានស្អាតល្អ ការប្រើទឹកជូតមុខជាមួយសំឡី និងការប្រើឡេឬគ្រីមដែលជួយផ្តល់សំណើមដល់ស្បែក។

ក្រៅពីនេះកុំភ្លេចលាបឡេការពារកម្តៅថ្ងៃ ដែលមាន SPF ចាប់ពី ៣០ ឡើងតៅ មុនពេលចេញទៅខាងក្រៅ៕
Comments
Post a Comment