ចង់ឲ្យស្បែកមុខនិងដងខ្លួនទន់ភ្លឺ គួរដឹងពី សារៈសំខាន់និងរបៀបជម្រុះកោសិកាចាស់ៗនៅលើស្បែកឲ្យបានត្រឹមត្រូវ
ការជម្រុះកោសិកាចាស់ៗនៅលើស្បែក ជាវិធីល្អខ្លាំងណាស់ក្នុងការថែរក្សាឲ្យស្បែកមើលទៅភ្លឺស្រស់ថ្លា ទន់រលោងគួរឲ្យស្ទាបអង្អែល។ តើអ្នកដឹងទេថា ការជម្រុះកោសិកាចាស់ៗនោះ មានអត្ថប្រយោជន៍អ្វីខ្លះទៅ? តើមានរបៀបបែបណាខ្លះ ដែលអ្នកអាចយកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដោយមិនប៉ះពាល់ដល់សុខភាពស្បែក? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានចំណុចខាងក្រោមនេះទាំងអស់គ្នា!
តើការជម្រុះកោសិកាអាចជួយអ្វីដល់ស្បែក?

នេះគឺជាជំហានដ៏សំខាន់មួយក្នុងការថែរក្សាស្បែក ដែលអ្នកមិនគួរមើលរំលង ទោះជាអ្នកមានប្រភេទស្បែកប្រភេទណាក៏ដោយ។ ដោយសារតែការដុសខាត់ជម្រុះកោសិកា អាចជួយកម្ចាត់កោសិកាងាប់ៗនៅលើស្បែក ធ្វើឲ្យរន្ធញើសរួមតូចជាងមុន ទប់ស្កាត់មិនឲ្យចេញមុន និងធ្វើឲ្យស្បែកទន់ម៉ដ្ឋជាងមុនផងដែរ។
តើអ្នកគួរជម្រុះកោសិកានៅលើមុខញឹកញាប់ប៉ុនណា?

វាអាស្រ័យទៅលើប្រភេទស្បែកមុខនិមួយៗ។ សម្រាប់អ្នកដែលមានស្បែកធម្មតា អាចធ្វើការដុសខាត់រហូតដល់ទៅ ៣ដង ក្នុងមួយសប្តាហ៍ ដោយមិនមានការរោលរមាស់នោះឡើយ។
សម្រាប់អ្នកដែលមានស្បែកមុខឆាប់ចេញមុនវិញ អាចធ្វើការជម្រុះមួយថ្ងៃរំលងមួយថ្ងៃ ដើម្បីបណ្តេញជាតិកខ្វក់នៅលើស្បែក ប៉ុន្តែត្រូវប្រាកដថាផលិតផលដែលអ្នកប្រើប្រាស់ មានសារធាតុផ្សំបែបស្រាលនិងគ្មានជាតិកាត់។
តើអ្នកគួរជម្រុះកោសិកានៅលើដងខ្លួនញឹកញាប់ប៉ុនណា?

មិនខុសពីស្បែកមុខប៉ុន្មានទេ ស្បែកដងខ្លួនក៏ត្រូវការ ការថែរក្សាយកចិត្តទុកដាក់ដូចគ្នា។ ដើម្បីធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យ និងភ្លឺស្អាត អ្នកអាចជ្រើសរើសស្ក្រាប់ផ្សំចេញពីស្ករស ឬអំបិលម៉ដ្ឋ (sea salt ) លាយគ្នាជាមួយនឹងប្រេងដូង ដើម្បីជួយបន្ថែមជាតិសំណើមដល់ស្បែក។ វិធីដែរអាចធ្វើបានពី ២-៣ដង ក្នុងមួយសប្តាហ៍។
Comments
Post a Comment